គិរិមានន្ទសូត្រ ទី១០

 🍃គិរិមានន្ទសូត្រ ទី១០

[ព្រះធម៌គួរដល់ការសិក្សា ផ្នែកសមថៈ វិបស្សនា]

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ សម័យនោះឯង ព្រះគិរិមានន្ទដ៏​មានអាយុ លោក​មាន​អាពាធ ប្រកបដោយ​ទុក្ខវេទនា ជា​ជម្ងឺធ្ងន់។ គ្រា​នោះឯង ព្រះអានន្ទត្ថេរ​ដ៏មានអាយុ បានចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ ត្រង់ទី​ដែលព្រះអង្គ​គង់ លុះចូលទៅ​ដល់ហើយ ក៏ក្រាប​ថ្វាយបង្គំ​ព្រះដ៏មាន​ព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះ​ព្រះអានន្ទ​ត្ថេរ​ដ៏មាន​អាយុ អង្គុយ​ក្នុងទីសមគួរ​ហើយ ក៏ក្រាបបង្គំ​ទូលនូវពាក្យនេះ នឹង​ព្រះដ៏មានព្រះ​ភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន គិរិមានន្ទ​ដ៏មានអាយុ មាន​អាពាធ ប្រកប​ដោយ​ទុក្ខវេទនា ជាជម្ងឺធ្ងន់ បពិត្រព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទ្រង់​អនុគ្រោះ (ចំពោះ​គិរិមានន្ទ) សូម​ស្តេច​ចូលទៅ​ត្រង់កន្លែង ដែល​គិរិមានន្ទ​អាស្រ័យនៅ។ ព្រះដ៏មានព្រះភាគ ត្រាស់​តបថា ម្នាលអានន្ទ ប្រសិនបើ​អ្នកចូល​ទៅកាន់​សំណាក់​នៃ​គិរិមានន្ទភិក្ខុ សំដែង​ប្រាប់​សញ្ញា ទាំង ១០ ប្រការ ដំណើរនេះ ជាហេតុ​នឹងនាំឲ្យ​អាពាធ​របស់​គិរិមានន្ទ​ភិក្ខុ​នោះ បាន​រម្ងាប់សះស្បើយ​ទៅមួយរំពេច ព្រោះ​គិរិមានន្ទ​ភិក្ខុ បាន​ស្តាប់​នូវ​សញ្ញាទាំង ១០ ប្រការ។ សញ្ញា​ទាំង ១០ ប្រការនោះ ដូចម្តេចខ្លះ។ គឺ អនិច្ចសញ្ញា ១ អនត្តសញ្ញា ១ អសុភសញ្ញា ១ អាទីនវសញ្ញា ១ បហានសញ្ញា ១ វិរាគសញ្ញា ១ និរោធសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ សព្វសង្ខារេសុ អនិច្ចសញ្ញា ១ អានាបានស្សតិ ១។

ម្នាលអានន្ទ អនិច្ចសញ្ញា តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុ​ក្នុងសាសនានេះ នៅក្នុង​ព្រៃក្តី នៅទៀប​គល់ឈើក្តី នៅក្នុងផ្ទះ​ដ៏ស្ងាត់ក្តី ពិចារណា​ឃើញ​ដូច្នេះថា រូបមិនទៀង វេទនា​មិនទៀង សញ្ញា​មិនទៀង សង្ខារទាំង​ឡាយ​មិនទៀង វិញ្ញាណ​មិនទៀង។ ភិក្ខុ​ពិចារណា​ឃើញរឿយ ៗ ថាមិន​ទៀង ក្នុង​ឧបាទានក្ខន្ធ​ទាំង ៥ នេះ ដោយ​ប្រការដូច្នេះ។ ម្នាល​អានន្ទ នេះហៅថា អនិច្ចសញ្ញា។

ម្នាលអានន្ទ អនត្តសញ្ញា តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនា​នេះ នៅ​ក្នុង​ព្រៃក្តី នៅទៀប​គល់ឈើក្តី នៅក្នុង​ផ្ទះស្ងាត់ក្តី ពិចារណា​ឃើញដូច្នេះថា ភ្នែកមិន​មែនជា​របស់ខ្លួន​ទេ រូបមិនមែន​ជារបស់ខ្លួន​ទេ ត្រចៀក​មិនមែន​ជារបស់ខ្លួនទេ សម្លេង​ទាំងឡាយ មិនមែន​ជារបស់​ខ្លួនទេ ច្រមុះមិន​មែនជា​របស់ខ្លួនទេ ក្លិន​ទាំងឡាយ មិនមែន​ជារបស់​ខ្លួនទេ អណ្តាត​មិនមែន​ជារបស់ខ្លួន​ទេ រស​ទាំងឡាយ មិនមែន​ជារបស់ខ្លួនទេ កាយ​មិនមែន​ជារបស់​ខ្លួនទេ ផោដ្ឋព្វៈ​ទាំងឡាយ

មិនមែន​ជារបស់ខ្លួនទេ ចិត្ត​មិនមែន​ជារបស់​ខ្លួនទេ ធម៌​ទាំងឡាយ មិនមែន​ជារបស់​ខ្លួនទេ។ ភិក្ខុ​ពិចារណា​ឃើញរឿយ ៗ ដូច្នេះថា មិនមែន​ជារបស់​ខ្លួន ក្នុង​អាយតនៈ ខាងក្នុង ៦ និង​អាយតនៈ​ខាងក្រៅ ៦ នេះ ដោយ​ប្រការ​ដូច្នេះ។ ម្នាល​អានន្ទ នេះហៅថា អនត្តសញ្ញា។

ម្នាលអានន្ទ អសុភសញ្ញា តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ពិចារណា​ឃើញនូវកាយ​នេះឯង ខាងលើ​អំពីផ្ទៃនៃ​បាតជើងឡើង​ទៅ ខាងក្រោម​អំពី​ចុងសក់​ចុះមក ព័ទ្ធជុំវិញ​ដោយស្បែក ពេញដោយ​គ្រឿងមិនស្អាត មាន​ប្រការផ្សេង ៗ ដូច្នេះថា ក្នុង​រូបកាយនេះ សក់ទាំង​ឡាយ រោមទាំងឡាយ ក្រចកទាំងឡាយ ធេ្មញ​ទាំងឡាយ ស្បែក សាច់ សរសៃទាំងឡាយ ឆ្អឹងទាំងឡាយ ខួរក្នុងឆ្អឹង ទាច បេះដូង ថ្លើម វាវ ក្រពះ ឬលំពែងអរឹស សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹកមូត្រ។ ភិក្ខុពិចារណាឃើញរឿយ ៗ ថា មិនល្អ ក្នុងរូបកាយនេះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ នេះហៅថា អសុភសញ្ញា។ 

ម្នាលអានន្ទ អាទីនវសញ្ញា តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ នៅ​ក្នុង​ព្រៃក្តី នៅទៀប​គល់ឈើក្តី នៅក្នុង​ផ្ទះស្ងាត់ក្តី ពិចារណា​ឃើញ​ដូច្នេះថា រូបកាយនេះ មាន​ទុក្ខច្រើន មានទោស​ច្រើនដោយពិត។ អាពាធ​ទាំងឡាយ​ផ្សេង ៗ តែងកើត​ឡើង ក្នុងកាយ​នេះដូច្នេះ អាពាធនោះ ដូចម្តេចខ្លះ គឺ​រោគក្នុងភ្នែក រោគក្នុង​ត្រចៀក រោគក្នុង​ច្រមុះ រោគក្នុង​អណ្តាត រោគក្នុងកាយ រោគក្នុងក្បាល រោគស្លឹកត្រចៀក រោគក្នុងមាត់ រោគត្រង់​គល់ធ្មេញ រោគក្អក រោគហឺត រោគខាង​ក្រៅច្រមុះ រោគក្តៅក្រហាយ រោគ​ស្គាំងស្គម រោគក្នុង​ផ្ទៃ រោគខ្យល់​ចាប់ វិលមុខ រោគធ្លាក់​ឈាម រោគចុក​សៀត រោគចុះរាក រោគឃ្លង់ រោគមួល រោគស្រែង រោគរីងរៃ រោគ​ឆ្កួតជ្រូក រោគដំនួច​ពិស រោគរមាស់ រោគកម​ក្រិន រោគកើត​ក្នុងទីដែលខ្វារ​ដោយក្រចក រោគ​ឃ្លង់ដែក រោគឈាម រោគប្រមាត់ រោគទឹកនោម​ផ្អែម រោគឫសដូង​ដុះ រោគ​រលកកែវ រោគ​ឫសដូងបាត [ឫសដូងបាត ដែលដុះខាងក្នុង ត្រង់ចន្លោះទ្វារធំ និងទ្វារតូច។ អដ្ឋកថា។] អាពាធ​បណ្តាលអំពី​ប្រមាត់ អាពាធ​បណ្តាលអំពី​ស្លេស្ម អាពាធ​បណ្តាល​អំពីខ្យល់ អាពាធ​បណ្តាល​អំពី​សន្និបាត គឺការកម្រើក​ប្រមាត់ ស្លេស្ម និង​ខ្យល់​ប្រជុំគ្នា អាពាធ​កើតអំពី​រដូវ​ប្រែប្រួល អាពាធកើត​អំពីការផ្លាស់ប្តូរ​ឥរិយាបថ​មិនស្មើគ្នា អាពាធ​កើតអំពី​សេចក្តី​ព្យាយាម​របស់អ្នក​ឯទៀត (មានចាប់ចង​វាយជា​ដើម) អាពាធ​កើតអំពី​វិបាក​របស់កម្ម ការត្រជាក់ ការក្តៅ សេចក្តីឃ្លាន សេចក្តីស្រេក ឧច្ចារៈ (អាចម៍) បស្សាវៈ (មូត្រ)។ ភិក្ខុពិចារណាឃើញរឿយ ៗ ថាជាទោស ក្នុងរូបកាយនេះ ដោយប្រការ​ដូច្នេះ។ ម្នាល​អានន្ទ នេះ​ហៅថា អាទីនវសញ្ញា។


ម្នាលអានន្ទ បហានសញ្ញា តើ​ដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុង​សាសនានេះ មិន​ទទួលទុក លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យ​កើតទៀតនូវ​កាមវិតក្ក ដែលកើត​ឡើងហើយ មិន​ទទួលទុក លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើ​មិនឲ្យកើតទៀត នូវ​ព្យាបាទវិតក្ក ដែល​កើត​ឡើង​ហើយ មិនទទួលទុក លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យ​កើតតទៅទៀត នូវ​វិហឹសាវិតក្ក ដែល​កើតឡើង​ហើយ មិនទទួលទុក លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យ​កើតតទៅទៀត នូវធម៌ដែល​ជាបាបអកុសល​ដែលកើតឡើង​ហើយរឿយ ៗ។ ម្នាល​អានន្ទ នេះ​ហៅថា បហានសញ្ញា។

ម្នាលអានន្ទ វិរាគសញ្ញា តើដូចម្តេច។ ម្នាល​អានន្ទ ភិក្ខុក្នុង​សាសនានេះ នៅក្នុង​ព្រៃក្តី នៅទៀប​គល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី ពិចារណាឃើញ​រឿយ ៗ ដូច្នេះថា ធម៌ជា​គ្រឿងរម្ងាប់​សង្ខារទាំងពួង លះបង់​នូវឧបធិ​ទាំងពួង អស់ទៅ​នៃតណ្ហា ប្រាសចាក​រាគៈ រំលត់​ទុក្ខ នេះជាធម៌ស្ងប់​ ធម៌​ឧត្តម។ ម្នាល​អានន្ទ នេះហៅថា វិរាគសញ្ញា។

ម្នាលអានន្ទ និរោធសញ្ញា តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ នៅ​ក្នុង​ព្រៃក្តី នៅទៀប​គល់ឈើក្តី នៅក្នុងផ្ទះ​ដ៏ស្ងាត់ក្តី ពិចារណា​ឃើញដូច្នេះថា ធម៌ជា​គ្រឿងរម្ងាប់​សង្ខារទាំងពួង លះបង់​នូវឧបធិ​ទាំងពួង អស់ទៅ​នៃតណ្ហា ប្រាសចាក​រាគៈ រលត់ទុក្ខ នេះ​ជាធម៌ស្ងប់ ជាធម៌​ឧត្តម។ ម្នាល​អានន្ទ នេះហៅថា និរោធសញ្ញា។

ម្នាលអានន្ទ សព្វលោកេ អនភិរតសញ្ញា តើដូចម្តេច។ ម្នាលអានន្ទ ឧបាយ គឺតណ្ហា និង​ទិដ្ឋិណា ឧបាទាន គឺ​សេចក្តីប្រកាន់​មាំណា អភិនិវេសៈ គឺ​សស្សតទិដ្ឋិ និង​ឧច្ឆេទទិដ្ឋិ ជាទីអាស្រ័យ​នៅនៃចិត្ត​ណា អនុស័យ គឺកិលេស​ដែលដេកនៅ​រឿយ ៗ ក្នុង​សត្តសន្តាន​ណា ក្នុងលោក ភិក្ខុក្នុង​សាសនា​នេះ កាលបើលះបង់​នូវបាបធម៌​ទាំងនោះ មិនបាន​ប្រកាន់​មាំដោយ​ចិត្ត ក៏រមែងវៀរ (ចាកបាបធម៌​ទាំងនោះ) បាន។ ម្នាល​អានន្ទ នេះហៅថា សព្វលោកេ អនភិរតសញ្ញា។

ម្នាលអានន្ទ សព្វសង្ខារេសុ អនិច្ចសញ្ញា តើដូចម្តេច។ ម្នាល​អានន្ទ ភិក្ខុ​ក្នុងសាសនា​នេះ នឿយណាយ ធុញទ្រាន់ ស្អប់ខ្ពើម ចាកសង្ខារ​ទាំងពួង។ ម្នាលអានន្ទ នេះ​ហៅថា សព្វសង្ខារេសុ អនិច្ចសញ្ញា។

ម្នាលអានន្ទ អានាបានស្សតិ តើដូចម្តេច។ ម្នាល​អានន្ទ ភិក្ខុក្នុង​សាសនា​នេះ នៅ​ក្នុង​ព្រៃក្តី នៅទៀប​គល់ឈើក្តី នៅក្នុងផ្ទះ​ដ៏ស្ងាត់ក្តី អង្គុយ​ផ្គត់ភ្នែន តាំងកាយ​ឲ្យត្រង់ ផ្ចង់​ស្មារតី​ឲ្យឆ្ពោះ ត្រង់ (ទៅរកកម្មដ្ឋាន)។ ភិក្ខុនោះ មានស្មារតី ដកដង្ហើមចេញ មាន​ស្មារតី​ដកដង្ហើម​ចូល កាលដក​ដង្ហើម​ចេញវែង ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញវែង កាល​ដកដង្ហើម​ចូលវែង ក៏ដឹង​ច្បាស់ថា អាត្មាអញ ដកដង្ហើម​ចូលវែង កាល​ដកដង្ហើម​ចេញ​ខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើម​ចេញខ្លី កាលដក​ដង្ហើមចូលខ្លី ក៏ដឹង​ច្បាស់ថា អាត្មាអញ ដកដង្ហើម​ចូលខ្លី ភិក្ខុសិក្សា [អដ្ឋកថា ថា ព្យាយាម។] ថា អាត្មាអញ នឹង​ជាអ្នក​ដឹងច្បាស់​នូវកាយ [ធ្វើខាងដើម ខាងកណ្តាល និងទីបំផុតនៃកាយ គឺ​ដង្ហើម​ចេញ​ទាំងអស់​ឲ្យប្រាកដ។] គឺដង្ហើម​ចេញទាំងអស់​ឲ្យប្រាកដ ទើប​ដកដង្ហើម​ចេញ ភិក្ខុ​សិក្សា​ថា អាត្មាអញ នឹងជាអ្នក​ដឹងច្បាស់នូវ​កាយ [ធ្វើខាងដើម ខាងកណ្តាល និង​ទីបំផុត​នៃកាយ គឺដង្ហើមចូល​ទាំងអស់​ឲ្យប្រាកដ។] គឺដង្ហើម​ចូលទាំងអស់​ឲ្យប្រាកដ ទើបដក​ដង្ហើម​ចូល ភិក្ខុសិក្សា​ថា អាត្មាអញ នឹង​ជាអ្នករម្ងាប់​នូវកាយសង្ខារ [កាយសង្ខារដ៏​គ្រោតគ្រាត។] គឺដង្ហើមចេញ ទើបដកដង្ហើម​ចេញ ភិក្ខុ​សិក្សាថា អាត្មាអញ នឹង​ជាអ្នក​រម្ងាប់នូវ​កាយសង្ខារ [កាយសង្ខារដ៏​គ្រោតគ្រាត។] គឺដង្ហើម​ចូល ទើប​ដកដង្ហើមចូល ភិក្ខុ​សិក្សាថា អាត្មាអញ នឹងជាអ្នក​ដឹងច្បាស់​នូវបីតិ ទើប​ដកដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នក​ដឹងច្បាស់នូវបីតិ ទើប​ដកដង្ហើមចូល ភិក្ខុ​សិក្សាថា អាត្មាអញ នឹងជាអ្នក​ដឹងច្បាស់ នូវសេចក្តី​សុខ ទើបដក​ដង្ហើមចេញ ភិក្ខុ​សិក្សាថា អាត្មាអញ នឹង​ជាអ្នក​ដឹងច្បាស់ នូវ​សេចក្តី​សុខ ទើបដក​ដង្ហើមចូល ភិក្ខុ​សិក្សាថា អាត្មាអញ នឹងជា​អ្នកដឹង​ច្បាស់​នូវចិត្តសង្ខារ [បានដល់​វេទនាខន្ធ និងសញ្ញាខន្ធ។] ទើបដកដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹង​ជាអ្នកដឹងច្បាស់​នូវចិត្តសង្ខារ ទើប​ដកដង្ហើមចូល ភិក្ខុ​សិក្សាថា អាត្មាអញ នឹងជា​អ្នករម្ងាប់នូវ​ចិត្តសង្ខារ ទើបដក​ដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នក​រម្ងាប់នូវ​ចិត្តសង្ខារ ទើបដក​ដង្ហើមចូល ភិក្ខុ​សិក្សាថា អាត្មាអញ នឹងជាអ្នក​ដឹងច្បាស់​នូវចិត្ត ទើបដក​ដង្ហើមចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នក​ដឹងច្បាស់​នូវចិត្ត ទើបដក​ដង្ហើមចូល ភិក្ខុ​សិក្សាថា អាត្មាអញ ធ្វើចិត្តឲ្យរីករាយ… ដំកល់ចិត្ត​ឲ្យស្មើក្នុងអារម្មណ៍… ដោះចិត្ត​ឲ្យរួចចាក​នីវរណធម៌ ជាដើម [អដ្ឋកថា ពន្យល់ថា ភិក្ខុដោះចិត្ត​ឲ្យរួច​ចាក​នីវរណធម៌ ដោយបឋមជ្ឈាន ឲ្យរួច​ចាក​វិតក្កៈ និង​វិចារៈ ដោយ​ទុតិយជ្ឈាន ឲ្យរួច​ចាក​បីតិ ដោយ​តតិយជ្ឈាន ឲ្យរួច​ចាក​សុខ និងទុក្ខ ដោយ​ចតុត្ថជ្ឈាន ឲ្យរួចចាក​និច្ចសញ្ញា ដោយ​អនិច្ចានុបស្សនា ឲ្យរួចចាក​សុខសញ្ញា ដោយ​ទុក្ខានុបស្សនា ឲ្យរួច​ចាក​អត្តសញ្ញា ដោយ​អនត្តានុបស្សនា ឲ្យរួចចាក​នន្ទិ ដោយ​និព្វិទានុបស្សនា ឲ្យ​រួចចាក​រាគៈ ដោយ​វិរាគានុបស្សនា ឲ្យរួចចាក​សមុទយៈ ដោយ​និរោធានុបស្សនា ឲ្យរួចចាក​អាទានៈ ដោយ​បដិនិស្សគ្គានុបស្សនា។]… ឃើញរឿយ ៗ នូវ​បញ្ចក្ខន្ធថា មិនទៀង… ឃើញរឿយ ៗ នូវ​ធម៌ដែល​ប្រាសចាករាគៈ… ឃើញរឿយ ៗ នូវធម៌ ដែលរលត់​បង់នូវកងទុក្ខ… ភិក្ខុ​សិក្សា​ថា អាត្មាអញ នឹងជាអ្នក​ឃើញរឿយ ៗ នូវធម៌ ជាគ្រឿងលះបង់​នូវកិលេស ទើប​ដកដង្ហើម​ចេញ ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នក​ឃើញរឿយ ៗ នូវធម៌ ជាគ្រឿងលះចោល​នូវកិលេស ទើបដក​ដង្ហើមចូល។ ម្នាលអានន្ទ នេះហៅថា អានាបានស្សតិ។ ម្នាល​អានន្ទ បើ​អ្នកចូលទៅ (កាន់សំណាក់) នៃ​គិរិមានន្ទភិក្ខុ​ហើយ គប្បី​សំដែង​នូវសញ្ញា ទាំងឡាយ ១០ ប្រការនេះ ដំណើរនេះ ជាហេតុនឹង​ឲ្យអាពាធ​របស់គិរិមានន្ទ​ភិក្ខុនោះ រម្ងាប់សះ​ស្បើយទៅ ១ រំពេច ព្រោះ​គិរិមានន្ទ​ភិក្ខុ បានស្តាប់​សញ្ញាទាំងឡាយ ១០ ប្រការនេះ។ លំដាប់នោះ ព្រះអានន្ទត្ថេរ​ដ៏មាន​អាយុ ក៏រៀនសញ្ញា​ទាំងឡាយ ១០ ប្រការនេះ ក្នុង​សំណាក់នៃ​ព្រះដ៏មានព្រះភាគ ហើយចូលទៅ​ត្រង់កន្លែង​ដែល​គិរិមានន្ទ​លោក​គង់នៅ លុះចូលទៅ​ដល់ហើយ បាន​សំដែង​​សញ្ញាទាំងឡាយ ១០ ប្រការនេះ ដល់​គិរិមានន្ទ​ដ៏មានអាយុ។ លំដាប់នោះឯង អាពាធ​របស់គិរិមានន្ទ​ដ៏មានអាយុនោះ ក៏រម្ងាប់​សះស្បើយ​ទៅ ១ រំពេច ព្រោះបានស្តាប់​សញ្ញាទាំងឡាយ ១០ ប្រការនេះ ឯគិរិមានន្ទ​ដ៏មាន​អាយុ ក៏បានជា​សះស្បើយ ចាក​អាពាធនោះ ក៏​អាពាធនោះ គិរិមានន្ទដ៏មានអាយុ លះបង់​បានហើយ ដោយ​កិរិយាបាន​ស្តាប់សញ្ញា​ទាំង ១០ ប្រការ ដែល​ព្រះអានន្ទត្ថេរ សំដែង​ហើយដូច្នោះ ដោយ​ប្រការដូច្នេះ​ឯង។

ព្រះត្រៃបិដក លេខ ៥០ > សុត្តន្តបិដក > អង្គុត្តរនិកាយ > ទសកនិបាត > ឯកាទសមភាគ

……………………………….

🍃ធម្មទាន FB: សច្ចធម៌

Foxvdo

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path: 1.Right View 2.Right Thought 3.Right Speech 4.Right Action 5.Right Livelihood 6.Right Effort 7.Right Mindfulness 8.Right Concentration Buddhism's most important moral guidelines are the Five Precepts: 1.I undertake to observe the precept regarding abstention from killing 2.I undertake to observe the precept regarding abstention from taking anything not given 3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations 4.I undertake to observe the precept regarding abstention from speaking lies 5.I undertake to observe the precept regarding abstention from taking intoxicating drinks (Indroduce) My Self -My name is Thol un.I come from Kompong cham Province -Now I am staying at Langka pagoda .I have graduated from Build Bright University -My Major is Information and Network Technology -I am Working at Khmer Plus Computer -I want to get experience From your Company and develop your Company to be More Successful forever Copyright©️All rights reserved by Fox VDO 2020

Previous Post Next Post