គុណសម្បត្តិ​របស់​អ្នក​ដឹកនាំ

 អ្នក​ដឹកនាំ​ត្រូវមាន​ សុខភាព សមត្ថភាព និង​គុណ​ធម៌​ដើម្បី​បំពេញ​តួនាទី​ជា​អ្នក​ដឹកនាំល្អ។
សុខភាព ជាគុណសម្បត្តិ​ផ្នែក​រាង​កាយ​ដែលអ្នក​ដឹកនាំ​ទាំង​ឡាយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ឲ្យ​បាន​រឹង​ប៉ឹង។
សមត្ថភាព ជា​គុណ​សម្បត្តិ​ផ្នែក​សតិ​បញ្ញា​ដែល​អ្នក​ដឹកនាំទំាងឡាយ​ត្រូវ​បំពេញ​បន្ថែម​ឲ្យ​រឹង​រឹត​តែ​ខ្លាំង​ក្លា​ឡើង​ជាលំដាប់។
គុណធម៌​ ជា​គុណសម្បត្តិ​ផ្នែក​ផ្លូវចិត្ត​និង​ការ​ប្រព្រឹត្តិ ដែល​អ្នក​ដឹកនាំត្រូវ​ថែរក្សា​ និង​គោរព​ស្មើ​អាយុជីវិត​របស់​ខ្លួន។ បើ​ប្រៀបធៀប​នឹង​លំនៅដ្ឋាន​របស់​មនុស្ស​ គុណ​សម្បត្តិ​ទាំង​៣ ប្រការ​នេះ​មាន​ដូចតទៅ៖

សុខភាព ទុក​ជា​សសរ​ផ្ទះ មាននាទី​សម្រាប់​ទ្រ

សមត្ថភាព ទុក​ដូចជា​ជញ្ជាំង​ផ្ទះ មាន​នាទី​សម្រាប់​បិទបាំង

គុណធម៌​ ទុក​ដូច​ជា​ដំបូល​ផ្ទះ មាន​នាទី​សម្រាប់​ការពារ

គុណសម្បត្តិទី១ សុខភាព

លក្ខណៈ​របស់​អ្នក​មាន​សុខភាព​ល្អ​រួមមានដូចជា៖
- ជា​បុរស​ឬ​ស្ត្រី​ពេញ​លក្ខណៈ
- រាងកាយ​មិន​ពិកលពិការ
- ជា​មនុស្ស​មិន​ជរាពេក
- ជាមនុស្ស​មិន​វិកល​ចរិត​ មិន​សរសៃ​ប្រសាទ
- ធន់​នឹង​ជំងឺ​ គឺ​មិនងាយ​ឈឺ​ផ្តេសផ្តាស
- មិន​មាន​រោគ​ធ្ងន់ ឬ​សាហាវ​ណាមួយ​បៀតបៀន
- ជាមនុស្ស​មាន​អនាម័យ មិន​ស្មោក​គ្រោក

បើ​សិន​ជា​មាន​ជំងឺ​បៀតបៀន​ ត្រូវ​ប្រញាប់​ព្យាបាល​ឲ្យបាន​រួសរាន់ ព្រោះ​ថា​ការបណ្តែត​បណ្តោយ​ជំងឺ​តិច​តួច​ថ្ងៃ​នេះ​ អាច​នឹង​ឲ្យ​ឈឺ​ធ្ងន់​ថ្ងៃ​ស្អែក​ដែល​រឹត​ឲ្យ​ខូច​ការ​កាន់​តែ​ច្រើន។ នៅ​សហរដ្ឋ​អាមេរិក​កាល​ប្រធានាធិបតេយ្យ​រ៉ូណាល់​រេហ្គិន មាន​ជំងឺ​ធ្ងន់​ ត្រូវ​វះ​កាត់​ គេ​ឃើញ​ថា​លុយ​ដុល្លារ​ ដែល​ជារូបិយបណ្ណ​គោល​នៃ​សេដ្ឋកិច្ច​ពិភព​លោក​ចុះ​ថោក​ភ្លាម​មួយ​រំពេច រីឯ​ក្នុង​ករណី​ប្រទេស​កម្ពុជាវិញ ជំងឺ​របស់​សេនា​ប្រមុខ​ លន់ នល់ ជាបច្ច័យ​មួយ​យ៉ាងធំ​ផងដែរ ដែលនាំ​ឲ្យ​ប្រទេស​ខ្មែរធ្លាក់​ចុះ ព្រោះ​លោក​លន់​ នល់​ មិន​អាចមាន​សមត្ថភាព​បញ្ជា និង​ដឹកនាំ​ប្រទេស​ឲ្យ​ដិតដល់។ ពុទ្ធភាសិត​មួយ​ពោលថា "​ អរោគ្យា បរមា លាភា ការ​មិន​មាន​រោគ គឺ​ជាលាភ​ដ៏ធំបំផុត" ។

គុណសម្បត្តិ​ទី២ សមត្ថភាព

សមត្ថភាព គឺ​ភាព​ដែល​អាច​បំពេញកិច្ចការណាមួយ​ឲ្យ​សម្រេចបាន​ដោយ​មធ្យោបាយ​គ្រប់​បែប​ យ៉ាង​ ទាំងផ្លូវកាយ​ ផ្លូវ​ចិត្ត ​ផ្លូវ​បញ្ញា ទាំង​ផ្លូវ​សម្ភារៈ។ សមត្ថភាព គឺ​ជា​ដំណើរ​ធ្វើកើត ដំណើរ​ដែល​អាច​ទៅរួច​អាច​ប្រឹង​ប្រែង​បាន។

លក្ខណៈ​របស់​អ្នក​មាន​សមត្ថភាព​មាន​៨​យ៉ាង គឺ​ជា​អ្នក​ជឿ​មាន​ហេតុផល​ ជា​អ្នក​មាន​ញាណ ជា​អ្នក​មាន​​ប្រាជ្ញា​ខ្ពង់​ខ្ពស់ ជា​អ្នក​ខ្លាំង​ប្រសើរ​លើស​គេ ជា​អ្នកមាន​កម្លាំង​១០ ជា​អ្នក​មានទេព​កោសល្យ ជា​អ្នក​មាន​យុត្តិធម៌ និង​ជាអ្នក​មាន​សេចក្តី​ព្យាយាម។

- អ្នក​ជឿមាន​ហេតុផលៈ "​ធ្វើមេ​គេហើយ ​នៅត្រចៀកស្រាល​ទៀត​ "​ នេះ​ជា​ពាក្យ​ដែល​ខ្មែរ​ចំណាំ​និយាយ​រិះ​គន់​មេដឹកនាំ​ណា​ដែល​គេ​និយាយ​អ្វី ​បន្តិច​ក៏​ជឿ អ្វី​បន្តិច​ក៏​ខឹង​ ព្រោះ​គិត​ថា​រឿង​ហ្នឹង​ជារឿង​ពិត។ គោលការណ៍​នៃ​ការជឿចំនួន​១០​យ៉ាង​ដែល​ត្រូវ​យក​មក​ពិចារណា​មុន​ដាក់​ជំនឿ​ ថារឿង​ហ្នឹង​ពិត​ឬ​មិន​ពិត៖ (១) កុំ​ដាក់​ចិត្ត​ជឿព្រោះ​គ្រាន់​តែ​ការ​បាន​ឮ​តៗ​គ្នាមក (២) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​ដោយ​ការ​កាន់​តៗ​គ្នា​ជា​ប្រពៃណី​ត​មក​ (៣) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​ដោយការ​និទាន​តៗ​គ្នា (៤) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​ដោយការ​អាង​តម្រា​ឬ​គម្ពី (៥) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​ការ​គិត​បែប​តក្ក​វិទ្យា (៦) កុំ​ដាក់​ចិត្ត​ជឿ​ដោយ​ការអនុមាន (៧) កុំ​ដាក់ចិត្ត​ជឿ​ព្រោះ​ការពិចារណា​តាម​បែប​ហេតុផល (៨) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​ត្រូវ​នឹង​ទ្រឹស្តី​ដែល​បាន​ពិនិត្យ​ហើយ (៩) កុំ​ដាក់​ចិត្ត​ជឿព្រោះ​មើល​ទៅ​រូប​លក្ខណៈ​ដូចជា​អញ្ចឹង​មែន​ (១០) កុំ​ដាក់​ចិត្ត​ជឿ​ព្រោះ​លោក​នោះ​ជា​គ្រូ​របស់​យើង។

- អ្នក​មាន​ញាណៈ ជា​អ្នក​មាន​ប្រាជ្ញា​ចាក់​ឆ្លុះ​ ដឹង​ជ្រៅ​ជ្រះ​ ដឹង​សព្វ​គ្រប់។ ញាណ​ ឬ​ការ​ដឹង​ច្បាស់​មាន​៣​ប្រការ គឺ​ដឹង​អតីតកាល(ដឹង​​ពី​អតីតកាល​របស់​រឿង កិច្ចការ​ ឬ​ហេតុការណ៍​ណាមួយ​ដោយ​ច្បាស់​លាស់ និង​អាច​កំណត់​លំដាប់​ហេតុការណ៍នោះ​បាន​គ្រប់​លក្ខណៈ) ដឹង​អនាគត​(កាត់​ស្មាន​ហេតុការណ៍​ដែល​នឹង​កើត​ឡើង​បាន​ដោយ​ត្រឹ​មត្រូវ ដោយ​យោង​ភ្ជាប់​នឹង​ហេតុការណ៍​បច្ចុប្បន្ន) និង​ដឹង​បច្ចុប្បន្ន​ (ដឹង​ដំណើរ​ការ​ដែល​កំពុង​ប្រព្រឹត្តិ​ទៅ​ មាន​លក្ខណៈ​បែប​ណា មាន​បច្ច័យ​អ្វី​ខ្លះ មាន​លក្ខណ្ឌ​យ៉ាង​ណា)។

- អ្នកមាន​ប្រាជ្ញា​ជាន់​ខ្ពស់ៈ (១) ឃើញ​ហេតុ​ណាមួយ​កើត​ឡើង ក៏​អាច​វែក​ញែក​ពង្រីក​ ថ្លឹង​ថ្លែង ត​ភ្ជាប់​ទៅ​រក​ហេតុផល​ ឬ​វិបាក​ដែល​នឹង​ត្រូវ​កើត​ឡើង​ភ្លាម​មួយរំពេច ដូច​ពាក្យ​​ខ្មែរ​​ច្រើន​​ពោលថា "​ និយាយ​តែ​ពីរបី​ម៉ាត់​រហ័ស​យល់​ដឹង​ថា​ចង់​ធ្វើ​អ្វី ចង់​បាន​អ្វី​ភ្លាម ​ "  (២) ឆាប់​ចាប់​បាន​សេចក្តី​លំអិត​នៃ​បញ្ហា ឬ​រឿង​ណាមួយ​ដែល​គេ​ពន្យល់​ ដឹង​ថា​រឿង​ហ្នឹង​មាន​ប្រភព​មក​ពីណា (៣) មាន​បញ្ញា​ឆ្លៀវ​ឆ្លាត​ក្នុង​ភាសា ស្គាល់ស័ព្ទ​ ពាក្យ​បញ្ញត្តិ ស្ទាត់​ជំនាញ​ក្នុង​ការនិយាយ ចេះ​និយាយ​ពិរោះ​ឲ្យ​គេស្តាប់បាន ឲ្យ​គេ​ចូល​ចិត្ត​ និង​ឲ្យ​គេ​ជឿ​ជាក់​ តាម​សេចក្តីប្រថ្នា​របស់​ខ្លួន (៤) បញ្ញា​គិត​លឿន​ យល់​ច្បាស់​ក្នុង​ចំណេះ​ដឹង​ អាច​យក​ទៅ​ប្រើ​ការ​បាន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និង​ប្រសិទ្ធ​ផល ស្រប​ទៅ​តាម​ស្ថានការណ៍។

- អ្នក​ខ្លាំង​ប្រសើរ​លើស​គេៈ អ្នក​ដឹកនាំ​គេ ត្រូវ​ខ្លាំង​ជាង​ប្រជាជន ទើប​ប្រជាជន​ទុក​ចិត្ត​ឲ្យ​ធ្វើ​ជា​ប្រមុខ​គេ​បាន​។ ដើម្បី​ក្លាយ​ជា​មនុស្ស​អច្ឆរិយៈ​ក្នុ​ង​ក្រសែ​ភ្នែក​ប្រជា​ជន​ អ្នក​ដឹកនាំ​ត្រូវ (១) ការ​ឃើញ​ដ៏​ប្រសើរៈ ជា​អ្នក​ឃើញ​សេចក្តី​ទុក្ខ​របស់​ប្រជាជន ឃើញ​បញ្ហា​ក្នុង​សង្គម ជា​អ្នក​ពេញ​ចិត្ត​ក្នុង​ការ​ដើរ​សាកសួរ​ប្រជាជន​ខ្លួន (២) ការ​ស្តាប់​ដ៏​ប្រសើរៈ ចេះ​ស្តាប់​ ចូល​ចិត្ត​ស្តាប់ និង​ពូកែ​ស្តាប់ (៣) កាល​បើ​អ្នក​ដឹកនាំ​បាន​ឃើញ បាន​ដឹង នូវ​បញ្ហា សេចក្តី​ត្រូវការ និង​ដំណោះ​ស្រាយ ហើយ​ អ្នក​ដឹកនាំ​ត្រូវ​យក​មក​ចាត់​ចែង​ជា​ក្រុម ជា​ថ្នាក់​ ទៅ​តាម​ប្រភេទ តាម​លំដាប់​សំខាន់។ កន្លែង​ណា​ដែល​ព័ត៌មាន​មាន​មិន​គ្រប់​គ្រាន់​ក៏​យក​មក​បំពេញ​បន្ថែម។ កន្លែង​ដែល​លើស​ហួស​ពីការ​ពិត ក៏កាត់​ចេញ​ចម្រាញ់​តែ​របស់​ណា​ដែល​មាន​ប្រយោជន៍​ពិតៗ​ (៤) ការ​សិក្សា​ដ៏​ប្រសើរៈ សិក្សា​ពិនិត្យ​ឲ្យ​បាន​ច្បាស់​ អ្វី​ជា​បញ្ហា​ចំបង​របស់​រាស្ត្រ អ្វី​ជា​ប្រភព​នៃ​បញ្ហា​ទាំង​នោះ អ្វី​ជា​សេចក្តី​ត្រូវ​ការ​ដែល​រាស្ត្រ​ចង់​បាន​យ៉ាង​ពិត​ប្រាកដ កម្មវិធីនិង​មធ្យោបាយ​ណា​ដែល​អាច​អាច​កំចាត់​នូវ​បញ្ហា​និង​បំពេញ​សេចក្តី​ ត្រូវការ​របស់​រាស្ត្រ​បាន។ (៥) ជា​អ្នក​បម្រើ​ដ៏​ប្រសើរៈ បន្ទាប់​ពីបាន​សិក្សា​នូវ​បញ្ហា​ សេចក្តី​ត្រូវការ​ និងវិធី​ដោះ​ស្រាយ​ហើយ ត្រូវ​យក​ទៅ​អនុវត្តន៍​ឲ្យ​ក្លាយ​ជា​ប្រយោជន៍​រាស្ត្រ។ (៦) ការ​រំលឹក​ដ៏​ប្រសើរៈ កិច្ច​ការ​ណា​ដែល​អនុវត្តន៍​ហើយ អ្នក​ដឹកនាំ​ត្រូវ​តាម​ដាន ស្តាប់​ឲ្យ​បាន​ជា​រឿយៗ​ ថា​មាន​ដំណើរ​ដល់​ណា​ហើយ​ មាន​បញ្ហា​អ្វី​ជា​ឧបសគ្គ​ថែម​ទៀត​ទេ។ រួច​ហើយ​ក៏​យក​ព័ត៌មាន​ទាំង​នោះ​មក​ចាត់​លំដាប់​សារ​ជា​ថ្មី ព្រម​ទាំង​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់។

- អ្នកមាន​កម្លាំង​១០៖ (១) យល់​ច្បាស់​ពី​ច្បាប់​និង​គោលការណ៍​ដែល​ទាក់​ទង​នឹង​តួនាទី​របស់​ខ្លួន (២) យល់​ពី​ការ​ប្រព្រឹត្តិ​របស់មនុស្ស​និង​ដឹង​ថា​ការ​ប្រព្រឹត្តិ​បែប​នេះ​នឹង ​នាំ​ដល់លទ្ធ​ផ​ល​បែប​នោះ ឬ​ថា​លទ្ធផល​បែប​នេះ​ចេញ​មក​ពី​ការ​ប្រព្រឹត្តិ​បែប​ណា (៣) យល់​ដឹង​ពី​មធ្យោបាយ​ យុទ្ធសាស្ត្រ​សម្រាប់​នាំ​ទៅ​រក​គោល​ដៅ (៤) យល់​ដឹង​ច្បាស់​ក្នុង​រឿង​សង្គម​វិទ្យា​ រដ្ឋសាស្ត្រ (៥)​ យល់​ច្បាស់​ពី​លក្ខណៈ​ខុសគ្នា​របស់​បុគ្គល​នីមួយៗ ក្រុម​នីមួយៗ បក្ស​នីមួយៗ​ ទាំង​ខាង​អាធ្យាស្រ័យ​ និន្នាការ មនោគម​វិជ្ជា និង​ភាព​ប៉ិន​ប្រសព្វ​ពី​កំណើត (៦) យល់​ដឹង​ពី​ភាព​ផ្សេង​ៗ​ រវាង​បុគ្គល​ខាង​ផ្នែក​កម្រិត​សតិបញ្ញា សមត្ថភាព​ វិវឌ្ឍនាការ​ក្នុង​ផ្នែក​ផ្សេង​ៗ​ និង​ការ​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍ (៧) ដឹង​នូវ​បច្ច័យ​ផ្សេងៗ​ដែល​នឹង​ទៅ​ជា​ឧបសគ្គ ឬ​ជា​ជំនួស​ក្នុង​ការ​ដឹកនាំ និង​ចេះ​កែ​ខៃ​កត្តា​ទាំង​នោះ (៨) ដឹង​ពី​អតីតកាល និង​បទ​ពិសោធន៍​របស់​អ្នក​នៅ​ក្រោម​បង្គាប់ (៩) ប្រមើល​មើល​ដឹង​នូវ​ផល​អនាគត​ និង (១០) ដឹង​ច្បាស់​ប្រាកដ​ក្នុង​ចិត្ត​នូវ​លក្ខណៈ​ផលសម្រេច​ដែល​ខ្លួន​ចង់បាន​។

- អ្នកមាន​ទេពកោសល្យៈ ប៉ិន​ប្រសប់​ ឈ្លាសវៃ ដូច​ពាក្យ​ខ្មែរ​និយាយ​ថា "​ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ"​។ (១) ឆ្លាត​ក្នុង​ការ​ចំរើន ដឹង​ធ្វើ​អ្វីនាំ​ឲ្យ​ចំរើន (២) ឆ្លាត​ក្នុង​សេចក្តី​វិនាស​ ដឹង​ថា​អ្វី​ដែល​នាំ​ឲ្យ​កើត​ក្តី​វិនាស​ (៣) ប៉ិន​ប្រសប់​ក្នុង​វិធី​ដោះ​ស្រាយ​និង​សម្រេច​ផល។

- អ្នក​មាន​យុត្តិ​ធម៌ៈ ជៀស​វាង​អគតិ​៤ គឺ (១)​ លំអៀង​ព្រោះ​ស្រឡាញ់ (២) លំអៀង​ព្រោះ​ក្រោធ ព្រោះស្អប់ (៣) លំអៀង​ព្រោះ​ខ្លាច មាន​ខ្លាច​គេ​បៀត​បៀន​ជាដើម (៤) លំអៀង​ព្រោះ​វង្វេង​ព្រោះ មិន​ដឹង​ដល់​សាច់រឿង។

- អ្នក​មាន​សេចក្តី​ព្យាយាមៈ សេចក្តី​ព្យាយាម​របស់​អ្នក​ដឹកនាំ​ ត្រូវ​ប្រកប​ដោយ​អង្គ​៤​ប្រការ​ គឺ​ព្យាយាម​ការ​ពារ​កុំ​ឲ្យ​កើត​បញ្ហា ព្យាយាម​កំចាត់​បញ្ហា​ដែល​មាន​ឲ្យ​អស់​ទៅ ព្យាយាម​សាង​នូវ​សេចក្តី​សុខ​ស្រួល​ឲ្យ​កើត​មាន​ឡើង និង​ព្យាយាម​រក្សា​នូវ​សេចក្តី​សុខ​ស្រួល​នោះ​ឲ្យ​គង់​វង្ស​ចម្រើន​ត​ទៅ​ ទៀត។

គុណ​សម្បត្តិ​ទី​៣ គុណធម៌

គុណធម៌​ធំៗ​របស់​អ្នក​ដឹកនាំ​មាន ទសពិធរាជធម៌​ ១០​ចំនុច និង​ ព្រហ្មវិហារ​ធម៌ ៤​ចំនុច។

- ទសពិធរាជធម៌

១. ទាន បាន​ដល់​ការ​ឲ្យ​៣​ប្រការ​ធំៗ គឺ ឲ្យ​វត្ថុ ឲ្យ​ចំណេះ​ដឹង និង​ឲ្យ​ការ​អភ័យ​ទោស។
២. សីល​ ឬ​ការ​ប្រព្រឹត្ត​ល្អៈ ធ្វើ​ខ្លួន​ស្ថិត​ក្នុង​ប្រក្រតីភាព​ មិន​បង្ក​សេចក្តី​ក្តៅ​ក្រហាយ​ដល់​អ្ន​ក​ដទៃ គោរព​ច្បាប់​វិន័យ​ ចិញ្ចឹម​ជី​វិត​ក្នុង​ផ្លូវ​សុចរិត និង​ប្រើ​របស់​ទ្រព្យ​ប្រកប​ដោយ​ការ​ពិចារណា។
៣. បរិច្ចាគ​ ឬការ​បរិច្ចាគៈ លះ​បង់​ដោយ​ពុំ​គិត​ចង់​បាន​អ្វី​មក​វិញ ដែល​ជា​បច្ច័យ​ឲ្យ​គេ​គោរព សរសើរ ជា​គម្រូ។ លះ​បង់​ទ្រព្យ​ដើម្បី​អវៈយវៈ លះ​បង់​អវៈយវៈ​ដើម្បីជីវិត លះ​បង់​ជីវិត​ដើម្បី​ភាព​ត្រឹម​ត្រូវ។
៤. អាជ្ជវៈ​ ឬការស្មោះត្រង់ៈ ត្រង់​ក្នុង​តួនាទី ត្រង់​ក្នុង​ការងារ ត្រង់​ចំពោះ​វាចា ត្រង់​ចំពោះបុគ្គល ត្រង់​ចំពោះ​ប្រជា​រាស្ត្រ និង​​ត្រង់​ចំពោះ​សេចក្តី​ល្អ។
៥. មទ្ទវៈ​ ឬ​ការ​ទន់​ភ្លន់ៈ មិន​រឹង​រូស មិន​ចចេស គោរព​ទៅតាម​មតិ​របស់​រាស្ត្រ​ បត់​បែន​ទៅតាម​ស្ថានការណ៍​ ធ្វើ​ឲ្យ​សង្គម​ កើត​សាមគ្គីភាព​។
៦. តបៈ​ ឬការ​ដុត​កិលេសៈ ការ​ដុត​កំដៅ​អំពើ​អាក្រក់​ ដុត​កម្លោច​ជន​អាក្រក់​កុំ​ឲ្យ​មាន​ក្នុង​សង្គម ធ្វើ​ឲ្យ​ជន​អាក្រក់​មិន​ហ៊ាន​ធ្វើ​បាប​តទៅ​ទៀត ធ្វើ​ឲ្យ​ជន​ល្អ​មាន​ចិត្ត​ធ្វើ​ល្អ​ជា​ប្រយោជន៍​រួម។
៧.​ អក្កោធៈ​ ឬ​ការ​មិន​ក្រោធៈ មិន​ក្រោធ​ មិន​ខឹង ព្រោះ​សេចដ្ឋកិច្ច​ក្តី នយោបាយ​ក្តី ទាហាន​ក្តី​ មិន​អាច​ប្រើ​ខឹង​បាន​ទេ ព្រោះខឹង​នាំ​ឲ្យ​ខុស។
៨. អវិហឹង្សា​ ឬ​ការ​មិន​បៀត​បៀនៈ គោរព​សិទ្ធិ​មនុស្ស​ សិទ្ធិ​កុមារ សិទ្ធិ​ស្ត្រី និង​សិទ្ធិ​សត្វ​តិរច្ឆាន។
៩. ខន្តី​​ ឬ​ការ​អត់​ធន់ៈ ទាល់​តែ​ អត់​ធន់ អត់​ទ្រាំ អត់​ធ្មត់ ទើប​សម​គួរ​ធ្វើ​ជា​អ្នក​ដឹកនាំ។ អត់​ធន់​ចំពោះ​កិលេស​ខ្លួន អត់​ធន់​ចំពោះភាព​ល្ងង់​ខ្លៅ​របស់​ខ្លួន អត់​ធន់​ចំពោះ​អ្នក​តូច​ អត់​ធន់​ចំពោះ​ការងារ​របស់​ខ្លួន អត់​ធន់​ចំពោះ​ពាក្យ​ណែនាំ ពាក្យ​ប្រឹក្សា អត់​ធន់​ចំពោះ​សេចក្តី​ប្រមាទ​ធ្វេស​ប្រហែល អត់​ធន់​ចំពោះ​មនុស្ស​ល្ងង់ អត់ធន់​ចំពោះ​កូន​ក្មេង អត់​ធន់​ចំពោះ​អ្នក​ប្រឆាំង អត់​ធន់​ចំពោះ​ពាក្យ​ត្មះ​តិះដៀល អត់​ធន់​ចំពោះ​សង្គម អត់​ធន់​ចំពោះ​ពេលវេលា អត់​ធន់​ចំពោះ​ការ​ប្រែប្រួល​នៃ​ធម្មជាតិ អត់​ធន់​ចំពោះ​បដិបត្តិ​ធម៌ ។ល។
១០. អវិរោធនៈ ឬ​ការ​មិន​ធ្វើ​ខុសៈ ភាវនា​ជាប់​ជា​ប្រចាំថា អញ​នឹង​មិនធ្វើ​ខុស អញ​នឹង​មិន​ធ្វើ​ខុស ។

- ព្រហ្មវិហារ​ធម៌ៈ
១. មេត្តាៈ អាណិត​ស្រឡាញ់​ចង់​ឲ្យ​គេ​បាន​សុខ។
២. ករុណាៈ ជួយ​សង្គ្រោះ​ឲ្យ​គេ​រួច​ពី​ទុក្ខ។
៣. មុទិតាៈ ត្រេក​អរ​ដែល​គេ​បាន​សុខ។
៤. ឧបេក្ខាៈ ដាក់​ចិត្ត​ជា​កណ្តាល
ប្រភពៈ សៀវភៅ ព្រះ​បាទ​ធម្មិក និពន្ធ​ដោយ ឥន្ទ​បញ្ញោ​ភិក្ខុ ហេង មណី​ចិន្តា​ បោះ​ពុម្ព​ឆ្នាំ​១៩៩៥​

សង្ខេប​ខ្លឹមសារ​ និង​វាយ​អត្ថបទ​ដោយ គេហទំព័រសាលារៀន salarean.com

Foxvdo

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path: 1.Right View 2.Right Thought 3.Right Speech 4.Right Action 5.Right Livelihood 6.Right Effort 7.Right Mindfulness 8.Right Concentration Buddhism's most important moral guidelines are the Five Precepts: 1.I undertake to observe the precept regarding abstention from killing 2.I undertake to observe the precept regarding abstention from taking anything not given 3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations 4.I undertake to observe the precept regarding abstention from speaking lies 5.I undertake to observe the precept regarding abstention from taking intoxicating drinks (Indroduce) My Self -My name is Thol un.I come from Kompong cham Province -Now I am staying at Langka pagoda .I have graduated from Build Bright University -My Major is Information and Network Technology -I am Working at Khmer Plus Computer -I want to get experience From your Company and develop your Company to be More Successful forever Copyright©️All rights reserved by Fox VDO 2020

Previous Post Next Post